ធ្លាប់តែមាននៅអឺរ៉ុប ប្រព័ន្ធ VAR គ្រោងដាក់ឲ្យប្រើជាលើកដំបូងនៅ Asian Cup ឆ្នាំក្រោយ
ក្នុងថ្ងៃព្រហស្បតិ៍នេះសមាគមកីឡាបាល់ទាត់ AFC បានប្រកាសពីគម្រោងនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Video Assistant Referee (VAR) ក្នុងប្រកួត Asian Cup នាវគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ ២០១៩ បន្ទាប់ពីក្របខ័ណ្ឌកំពូលជាច្រើននៅតំបន់អឺរ៉ុបមានទាំងនៅអេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ ចាប់អនុញ្ញាតឲ្យដាក់ប្រើប្រាស់ប្រព័ន្ធនេះជាបណ្តើរៗ ក្រោយបើកឲ្យមានជាលើកដំបូងនៅការប្រកួត World Cup ក្នុងប្រទេសរុស្ស៊ីកាលពីខែកក្កដា។
AFC បញ្ជាក់ថា ខ្លួនទើបទទួលការអនុម័តពី FIFA និងក្រុមប្រឹក្សាភិបាលអ្នកបង្កើតច្បាប់បាល់ទាត់អន្តរជាតិ IFAB ដោយនឹងដាក់ VAR ក្នុងព្រឹត្តិការណ៍ប្រកួតនៅប្រទេសអារ៉ាប់រួមនាថ្ងៃទី ៥ មករា។
រូបតំណាងលោក Shaikh Salman bin Ebrahim Al Khalifa
ប្រធាន AFC លោក Shaikh Salman bin Ebrahim Al Khalifa បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ដូច្នោះថា៖ "យើងកំពុងសម្លឹងមើលការដាក់បញ្ចូលបច្ចេកវិទ្យា VAR ទៅក្នុងការប្រកួតបាល់ទាត់នៅអាស៊ី ពោលគឺស្ថិតក្នុងប្រកួតមួយចំនួននៃ AFC Asian Cup ក្នុងប្រទេសអារ៉ាប់រួម ដោយយើងបានឃើញ VAR ជាលើកដំបូងអំឡុងការប្រកួត World Cup 2018 ហើយសបង្ហាញយ៉ាងច្បាស់ថា វាពិតជាមានប្រសិទ្ធភាព និងបន្ថែមចំណុចវិជ្ជមានដល់ការប្រកួត"។
រំឭកថាការប្រកួត Asian Cup ឆ្នាំ ២០១៩ នឹងត្រូវបន្ថែមដល់ ២៤ ក្រុមជាលើកដំបូង កើនឡើងពីចំនួន ១៦ ក្រុមនាពេលបច្ចុប្បន្ន៕
No comments:
Post a Comment