Facebook ខាតបង់ចំនួនអ្នកប្រើប្រាស់មិនស្ទើរ ដោយសារគូប្រជែងធំបំផុតទាំង ៥ នេះ
ថ្វីបើកំពុងបម្រើសេវាកម្មជាមួយអ្នកប្រើប្រាស់ជាង ២ ពាន់លានគណនីលើបណ្ដាញសង្គម ក្រុមហ៊ុន Facebook នៅតែបន្តព្យាយាមរុករកអ្វីដែលថ្មី និងដំណោះស្រាយលើបញ្ហាធ្លាប់កើតមាន ជៀសវាងចាញ់ប្រៀបគូប្រជែងរបស់ខ្លួនដែលកំពុងទទួលការគាំទ្រពីសំណាក់អ្នកប្រើប្រាស់។ មានបណ្តាញសង្គម ៥ ផ្សេងទៀត ក៏ផ្ទុះភាពល្បីល្បាញ មិនចាញ់ស្ថាប័នគ្រប់គ្រងរបស់លោក Mark Zuckerberg ដែរ។
១.Instagram:
ថ្វីបើបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ Facebook ប៉ុន្តែយុវវ័យភាគច្រើនមានទំនោរលើការប្រើប្រាស់បណ្តាញសង្គមដ៏ធំមួយនេះ ពោលជាគូប្រជែងដណ្តើមតួលេខអ្នកប្រើខ្លាំងបំផុត។ ចំណុចពិសេសនៅលើ IG ហាក់ធ្វើឲ្យអ្នកប្រើមានអារម្មណ៍ថាសាមញ្ញជាង និងផ្តោតលើការចែករំលែករូបភាពជាធំ។
២.Snapchat:
ល្បីខ្លាំងពីសំណាក់អ្នកប្រើនៅទឹកដីសហរដ្ឋអាមេរិក ដោយមានមុខងារអនុញ្ញាតឲ្យអ្នកប្រើចែករំលែកទៅកាន់តែគោលដៅមនុស្សបានកំណត់ និងពុំមែនតែមិត្តភ័ក្ដិជាប់គណនីទាំងស្រុងនោះទេ។ ពិសេសជាងនេះ រូបភាពដែលអ្នកបង្ហោះ ឬផ្ញើចេញ នឹងបង្ហាញឲ្យអ្នកទទួលអាចឃើញត្រឹមមួយរយៈពេលខ្លី ហើយរូបនោះ នឹងបាត់ទៅវិញនៅពេលបន្ទាប់ដោយស្វ័យប្រវត្តិ។
៣.LinkedIn:
ជាគេហទំព័របណ្តុំវេទិកាប្រមូលផ្តុំការបង្ហាញជំនាញវិជ្ជាជីវៈរបស់អ្នកប្រើប្រាស់ ដោយក្រុមហ៊ុននានាបានប្រើប្រាស់បណ្តាញសង្គម LinkedIn ដើម្បីស្វែងរកបុគ្គលិក ពោលទៅថ្ងៃមុខគេហទំព័រនេះនឹងជះឥទ្ធិពលកាន់តែខ្លាំងឡើងសម្រាប់វិស័យស្វែងរកការងារនាពេលអនាគត។
៤.Google:
ក្រុមហ៊ុនមេ Alphabet ក៏ធ្លាប់ប៉ុនប៉ងចង់ទិញយកទំហំអ្នកប្រើប្រាស់របស់ Facebook តាមរយៈប្រព័ន្ធផ្សព្វផ្សាយខ្លួន ថ្វីបើតួលេខអ្នកប្រើមានទំហំតិចជាង ប៉ុន្តែការប្រកួតប្រជែងលើការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរវាងក្រុមហ៊ុនយក្សអាមេរិកទាំងពីរ មានភាពស្វិតស្វាញខ្លាំងដើម្បីចង់ដណ្តើមចំណែកទីផ្សារ។
៥.Twitter:
តារាល្បីៗភាគច្រើនរមែងប្រើប្រាស់បណ្តាញសង្គម Twitter ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមអ្នកគាំទ្រ ប៉ុន្តែចំណុចពិសេសរបស់បណ្ដាញសង្គមនេះ មិនអាចប្រៀបធៀបនឹងគូប្រជែងកំពូលដទៃទៀតបានឡើយ៕
No comments:
Post a Comment