កំថូង ពីសិស្សរៀនបាតថ្នាក់ តស៊ូរៀនចប់ដល់ឥណ្ឌា ចុងក្រោយអាចទៅធ្វើការដល់ជប៉ុន
មាន ឈាម ជ័រ ជា អ្នក បន្ទាយមានជ័យ យុវជន ឡី កំថូង មាន ឱកាស បាន ទៅ បម្រើ ការ ងារ ផ្នែក ស្រាវជ្រាវ បច្ចេកវិទ្យា នៅ វិទ្យាស្ថាន NICT ក្នុង ទីក្រុង Kyoto ប្រទេស ជប៉ុន។ តើ កំថូង បាន ឆ្លងកាត់ ព្យុះភ្លៀង អ្វី ខ្លះ ទម្រាំ មាន ថ្ងៃ នេះ ?
ឡី កំថូង (ស្ដាំ)
សិស្ស បាតតារាងប្រចាំថ្នាក់
បើ ត្រឡប់ ទៅ អតីត កាល ក្នុង ចំណោម សិស្ស ៥០ នាក់ កំថូង ជាជើង ខ្លាំងបាន លេខ ៨ បើ រាប់ ពីក្រោយ មក វិញ ពោលគឺ សិស្ស បាតតារាងប្រចាំថ្នាក់តែ ម្ដង។ កាល នៅ វិទ្យាល័យ ធ្លាប់ ត្រូវ គេ វាយ តម្លៃ ជា មនុស្ស មិន ល្អ ជា ហេតុ ធ្វើ ឱ្យ គេស្ទើរ បោះបង់ ការសិក្សា ចោល ។ ប៉ុន្តែ ក្រោយ ប្រលង ជាប់ បាក់ឌុប អ្នក បន្ទាយ មានជ័យ រូប នេះ បានទទួល ការ ជំរុញលើកទឹកចិត្ត ពី ឪពុកម្ដាយ ឱ្យ ទៅ បន្ត ការសិក្សា នៅ សាកលវិទ្យាល័យក្នុង រាជធានី ភ្នំពេញ ស្រប ពេល ជីវភាព គ្រួសារ មិន ទាន់ ល្អ ប្រសើរ នៅ ឡើយ ។
ការ រស់ នៅ ភ្នំពេញម្នាក់ ឯង
ការសិក្សា និង រស់នៅ ក្នុង ទីក្រុង ម្នាក់ ឯង គឺ ជា បញ្ហា សម្រាប់ កូន អ្នក ខេត្ត ដែលក្រីក្រ នេះ។
កំថូង ថា៖ "សម្រាប់ ខ្ញុំ អ្វី ដែល សំខាន់ គឺ ត្រូវ ប្រឈម មុខ និង ដោះស្រាយ បញ្ហា ដូច ពាក្យ ចាស់ ថា ភាព ជោគជ័យ គឺ ស្ថិត នៅ ក្រោយ បញ្ហា បើ យើង ដោះ ស្រាយ បញ្ហា តូច យើង នឹង ទទួល បាន ជោគជ័យ តូច បើ យើង ដោះ ស្រាយ បញ្ហា ធំ យើង នឹង បាន ជោគជ័យ ធំ ”។
មិន យូរ ប៉ុន្មាន ការ ខិតខំ ប្រឹងប្រែង របស់ កំថូង ក៏ បាន ផ្ដល់ផ្លែផ្កាជាដុំកំភួន ដោយ ទទួល បាន ការងារ និង ជួប មនុស្ស ល្អ ៗ។
កំថូង កំពុង ធ្វើ ការ នៅ វិទ្យាស្ថាន ជាតិ NICT នៅទីក្រុង Kyoto
ចាប់ ជំនាញ អភិវឌ្ឍន៍ កម្មវិធី
ឆ្លើយ នឹង សំណួរ ហេតុ អ្វី បាន ជា កំថូង រៀន ជំនាញ អភិវឌ្ឍន៍ កម្មវិធី ឬ Software Development? កំថូង ប្រាប់ ថា កត្តា ដែល ធ្វើ ឱ្យគេ ជ្រើសរើស ផ្នែក Software Development ព្រោះ មើល ឃើញ ការ រីក ចម្រើន នៃ បច្ចេកវិទ្យា។ ម្យ៉ាង វិញ ទៀត គេក៏ មានគោល បំណង ចង់ ក្លាយ ខ្លួន ជា អ្នកបង្កើត ប្រព័ន្ធ គ្រប់គ្រង ទិន្នន័យ គេហទំព័រ និង កម្មវិធី ទូរសព្ទ ដៃ ជា ដើម ។
ក្នុងពេល សិក្សា កំថូង ធ្លាប់ទទួល បាន ពានរង្វាន់ លេខ ៣ ក្នុង ការ ប្រកួត ប្រជែង ផ្នែក ព័ត៌មានវិទ្យា លើក ទី ១២ ក្នុង សកលវិទ្យាល័យ ន័រតុន និង មេដាយ ប្រាក់ ពី ប្រទេស ម៉ាឡេស៊ី ក្នុង ការ ប្រកួត ប្រជែង អន្តរជាតិ i-ENVEX។
ការ សិក្សា នៅ ឥណ្ឌា និង ការងារ នៅ ជប៉ុន
ដោយសារ ការ ខិតខំប្រឹងប្រែង ឡី កំថូង ក៏ បាន ជាប់ ទៅ បន្ត ការ សិក្សា ជំនាញអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃ PG Diploma Mobile Computing នៅ មជ្ឍមណ្ឌល បណ្តុះបណ្តាល បច្ចេកវិទ្យា ជាន់ខ្ពស់ Centre for Development of Advanced Computing (C-DAC) នៅ ទីក្រុង Pune ប្រទេស ឥណ្ឌា និង ជាប់បាន ទៅ ធ្វើការ ផ្នែក ស្រាវជ្រាវ បច្ចេកវិទ្យា ក្នុង វិទ្យាស្ថាន ជាតិ NICT ប្រទេស ជប៉ុន ដែល គិត មក ពេលនេះ មាន រយៈពេល ជិត មួយ ឆ្នាំ ហើយ ។
ពេល សួរ ថា តើ កំថូង យល់ យ៉ាងណា ដែរ ក្រោយ បាន ធ្វើ ការ នៅ ជប៉ុន?
អតីត សិស្ស វិទ្យាល័យ មង្គលបូរី លើក ឡើង ថា៖ "ខ្ញុំ ពិត ជា សប្បាយ ចិត្ត ខ្លាំង ណាស់ ដែល បាន មក ធ្វើការ និង យក បទ ពិសោធន៍ នៅ ជប៉ុន ប៉ុន្តែ មិន ទាន់ គ្រប់គ្រាន់ ទេ សម្រាប់ ខ្ញុំ។ ពេល ខ្ញុំ នៅ ក្នុង ប្រទេស អភិវឌ្ឍន៍ មួយនេះទើប ដឹង ថា ខ្ញុំ នៅ មាន ចំណុច ខ្វះខាត ច្រើន ដែល តម្រូវ ឲ្យ ខ្ញុំ ស្វែងយល់ និង រៀនសូត្រ បន្ថែមទៀត"។
មូលហេតុ ដែល បាន ធ្វើ ការ នៅ ជប៉ុន
កំថូង ប្រាប់ ថា បន្ទាប់ពី បានឃើញ មានការ ជ្រើសរើស បេក្ខជន ទៅ ធ្វើ ការ នៅ ប្រទេស ជប៉ុន ទើប គេ បាន ចាប់ផ្តើម សិក្សា សមត្ថភាព ខ្លួន ឯង និង សម្រេច ចិត្ត ចូលរួម ប្រកួតប្រជែង ដើម្បី មាន សិទ្ធិ ទៅ ធ្វើការ នៅ ប្រទេស ខ្លាំង ផ្នែក បច្ចេកវិទ្យា នេះ។
យុវជន រូប នេះប្រាប់ ថា មុនបានទៅ ធ្វើការ គេ ទាមទារ ចំណេះ ផ្នែក Programming , ត្រូវ បញ្ចប់ ការ សិក្សា ផ្នែក ព័ត៌មានវិទ្យា ( Computer Science), ត្រូវ ឆ្លងកាត់ ការ សម្ភាសន៍ ផ្ទាល់ ហើយ ចាំបាច់ ត្រូវ ចេះភាសា អង់គ្លេស ឬ ភាសា ជប៉ុន ។
នៅ ប្រទេស ជប៉ុន លោក បាន រៀន ពី បច្ចេកវិទ្យា ថ្មី ៗ ដែល ពិភពលោក កំពុង ត្រូវ ការ ។ លើស ពី នេះ ក៏ បាន យល់ ដឹង អំពី បែប បទ នៃ ការ ងារ ទំនៀមទម្លាប់ ប្រពៃណី និង បាន រាប់ អាន ស្គាល់ មិត្តភ័ក្ដិ ច្រើន ដែល សុទ្ធសឹងតែ ជា អ្នក ស្រាវជ្រាវ បច្ចេកវិទ្យា ដូចជា មក ពី វៀតណាម មីយ៉ាន់ម៉ា ចិន និង អឺរ៉ុប ជាដើម។
ទាក់ទង បទពិសោធន៍ ឆ្លងកាត់ទាំង ជីវិត ការងារ និងការ សិក្សា ឡី កំថូង ប្រាប់ ថា ការ ចង់ សម្រេច អ្វី មួយ មិន មែន ធ្វើ មួយ ថ្ងៃ ឬពីរ ថ្ងៃ នោះ ទេ ពោល គឺ ត្រូវព្យាយាមតស៊ូ ទើប រឿង ល្អៗ អាច កើត ឡើង និង សម្រេច ជោគជ័យ។
"ក្នុង ន័យនេះ ខ្ញុំ ចង់ បញ្ជាក់ ថា ការ រៀន មិន ពូកែ នៅ វិទ្យាល័យ មិន ប្រាកដ ថា យើង ខ្សោយនៅ មហាវិទ្យាល័យ នោះ ទេ អ្វី ដែល សំខាន់ យើង ត្រូវ មាន គោលដៅ ច្បាស់ លាស់ និង ការ ខិតខំ ប្រឹងប្រែង"។
អនាគត កំថូង ចង់ ក្លាយ ជា សាស្ត្រាចារ្យ នៅ ប្រទេស កម្ពុជា ក្នុង គោលបំណង ពង្រឹង និង ពង្រីក ការ អប់រំ ផ្នែក បច្ចេកវិទ្យា ព្រមទាំង ចែក រំលែក បទពិសោធន៍ និង ជំនាញ ដែល លោក បាន រៀន ទាំង ក្នុង និង ក្រៅ ប្រទេស ដល់ យុវជន ជំនាន់ ក្រោយ។
ប្រវត្តិ សិក្សា
- បញ្ចប់ថ្នាក់ មធ្យម សិក្សា ទុតិយភូមិ នៅ វិទ្យាល័យ មង្គលបូរី ខេត្ត បន្ទាយមានជ័យ
- បរិញ្ញាបត្រ ផ្នែក ព័ត៌មានវិទ្យា នៅ សាកលវិទ្យាល័យ ន័រតុន រាជធានី ភ្នំពេញ
- PG Diploma Mobile Computing នៅ សាលារៀន Centre for Development of Advanced Computing (C-DAC) ទីក្រុង Pune ប្រទេស ឥណ្ឌា
ប្រវត្តិ គ្រួសារ
- ស្រុក កំណើត នៅ ខេត្ត បន្ទាយមានជ័យ
- មាន បង ប្អូន ចំនួន ២នាក់
- ឪពុក ជា ជាង ក្រឡឹង ចំណែក ម្ដាយ អ្នក លក់ដូរ
- VoiceWithMe ស្នាដៃ កូនខ្មែរ ពិតៗ អាច បក ប្រែ បាន ៤ ភាសា ស្រួល ពេល ហោះទៅ បរទេស
- សាស្រ្តាចារ្យ ឈឿង រចនា៖ "ឲ្យ តែ រៀន ខ្លាំង ត្រឹម ឆ្នាំ ទី ពីរ ទី បី ក្រុមហ៊ុន កក់ យកទៅ ធ្វើ ការ បាត់ ហើយ"
No comments:
Post a Comment